អ្វីទៅជាពន្ធលើអចលនទ្រព្យ?



​​​ពន្ធលើអចលនទ្រព្យ គឺជាប្រភេទពន្ធប្រចាំឆ្នាំ។ ពន្ធនេះប្រមូលចំពោះអចលនទ្រព្យដែលមានតម្លៃលើសពី ១០០លានរៀលនិងមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងរដ្ឋបាលក្រុងនៃខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ ការប្រមូលពន្ធលើអចលនទ្រព្យនេះគឺសម្រាប់ជាផលប្រយោជន៍ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។


កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ
ពន្ធនេះជាប្រភេទពន្ធស្វ័យប្រកាស ដែលតម្រូវឱ្យកម្មសិទ្ធិករឬអ្នកកាន់កាប់ ឬអ្នកទទួលផលប្រយោជន៍ចុងក្រោយត្រូវមកចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ និងដាក់លិខិតប្រកាសបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ។ អ្នកជាប់ពន្ធត្រូវបង់ពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ និងត្រូវបង់ប្រាក់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារជាដៃគូជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬតាមរយៈកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App ដែលមានក្នុង App Store និង Play Store។
ដើម្បីចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ អ្នកជាប់ពន្ធត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖

- ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ (ច្បាប់ចម្លង)
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅរបស់អ្នកជាប់ពន្ធ (ច្បាប់ថតចម្លង)
- រូបថតរបស់អចលនទ្រព្យ
- និយាមកាអចលនទ្រព្យ (រយៈទទឹង និងរយៈបណ្ដោយ)
- ពាក្យស្នើសុំចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពអចលនទ្រព្យសម្រាប់ការបង់ពន្ធលើអចលនទ្រព្យទម្រង់ FORM PT-01

បន្ទាប់ពីចុះបញ្ជីអចលនទ្រព្យរួចរាល់ អ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ចធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅ រដ្ឋបាល-សារពើពន្ធក្នុងករណីដូចខាងក្រោម៖
- ដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ ឬសំណង់ផ្សេងៗ
- ផ្ទះ អគារ ឬសំណង់ផ្សេងៗ ត្រូវបានសាងសង់បន្ថែម ឬបន្ថយ ឬរំលាយចោល
- អចលនទ្រព្យត្រូវបានផ្លាស់ប្តូរកម្មសិទ្ធិករ អ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ
- អចលនទ្រព្យត្រូវបំបែក ឬបង្រួមក្បាលដី ឬឱ្យជាអំណោយ

អត្រាពន្ធ មូលដ្ឋានគិតពន្ធ និងការគណនាប្រាក់ពន្ធ

អត្រាពន្ធលើអចលនទ្រព្យត្រូវប្រមូលប្រចាំឆ្នាំតាមអត្រា ០,១% លើមូលដ្ឋានគិតពន្ធ។ មូលដ្ឋានគិតពន្ធគឺ ៨០% នៃតម្លៃអចលនទ្រព្យសរុប (ទាំងតម្លៃដី ឬ/និងតម្លៃសំណង់) តាមអាយុកាលសំណង់ និងប្រភេទសំណង់ ដែលកំណត់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយកាត់បន្ថយនូវទឹកប្រាក់ចំនួន ១០០ ០០០ ០០០ រៀល សម្រាប់អចលនទ្រព្យមួយ។
មូលដ្ឋានគិតពន្ធ = (តម្លៃអចលនទ្រព្យ x ៨០%) - ១០០ ០០០ ០០០ រៀល
ការគណនាប្រាក់ពន្ធ៖
ប្រាក់ពន្ធលើអចលនទ្រព្យត្រូវបង់ = មូលដ្ឋានគិតពន្ធ x ០,១%
ឧទាហរណ៍៖ អចលនទ្រព្យមួយកន្លែងស្ថិតនៅសងខាងកំណាត់ផ្លូវព្រះមុនីវង្សដែលមានទំហំដី ៤ម x ២០ម និងមានផ្ទះល្វែងកម្ពស់ ២ជាន់ (E0E1E2) និងមានទំហំ ៤ម x ១៦ម ជាប្រភេទឥដ្ឋបេតុង សាងសង់ឆ្នាំ២០១៥ និងមានតម្លៃទីផ្សារកំណត់ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យក្នុងមួយម៉ែត្រក្រឡា ដូចខាងក្រោម៖
- តម្លៃដី = ១ ៥០០ ដុល្លារ/ម២
- តម្លៃផ្ទះជាន់ផ្ទាល់ដី (E0) = ២៥០ ដុល្លារ/ម២
- តម្លៃផ្ទះជាន់ទី១ (E1) = ២០០ ដុល្លារ/ម២
- តម្លៃផ្ទះជាន់ទី២ (E2) = ១៥០ ដុល្លារ/ម២
ចម្លើយ៖ ការគណនាប្រាក់ពន្ធត្រូវបង់

ការគណនាប្រាក់ពន្ធត្រូវបង់

តម្លៃដី

៨០ម២ x ១ ៥០០ ដុល្លារ

១២០ ០០០ ដុល្លារ

តម្លៃផ្ទះជាន់ផ្ទាល់ដី (E0)

៦៤ម២ x ២៥០ ដុល្លារ

១៦ ០០០ ដុល្លារ

តម្លៃផ្ទះជាន់ទី១ (E1)

៦៤ម២ x ២០០ ដុល្លារ

១២ ៨០០ ដុល្លារ

តម្លៃផ្ទះជាន់ទី២ (E2)

៦៤ម២ x ១៥០ ដុល្លារ

៩ ៦០០ ដុល្លារ

តម្លៃអចលនទ្រព្យសរុប


១៥៨ ៤០០ ដុល្លារ

តម្លៃសរុប ៨០% (គិតជារៀល)

១៥៨ ៤០០ ដុល្លារ x ៨០% x ៤ ០០០ រៀល

៥០៦ ៨៨០ ០០០ រៀល

មូលដ្ឋានគិតពន្ធ

៥០៦ ៨៨០ ០០០ រៀល - ១០០ ០០០ ០០០ រៀល

៤០៦ ៨៨០ ០០០ រៀល


ប្រាក់ពន្ធត្រូវបង់

៤០៦ ៨៨០ ០០០ រៀល x ០,១%

៤០៦ ៨៨០ រៀល


ការលើកលែងពន្ធ និងការអនុគ្រោះពន្ធ

​អចលនទ្រព្យដែលជាដីធ្លីកសិកម្ម ដែលកំពុងបង្កបង្កើនផល មានជាអាទិ៍ ដីស្រែ ដីចំការ ដីដំណាំកសិ-ឧស្សាហកម្ម ដីកសិដ្ឋានចិញ្ចឹមសត្វ វារីវប្បកម្ម ដីស្រែអំបិល ដែលមានការបញ្ជាក់ពីស្ថាប័នពាក់ព័ន្ធ។
អចលនទ្រព្យជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរដ្ឋ ដែលបានចុះបញ្ជីសារពើភណ្ឌជាទ្រព្យសម្បត្តិរដ្ឋ។ ចំពោះដីរដ្ឋដែលរាជរដ្ឋាភិបាលបានជួលឱ្យឯកជនសាងសង់សំណង់សម្រាប់ធ្វើអាជីវកម្ម ដីនោះត្រូវបានលើកលែងពន្ធលើអចលនទ្រព្យ ប៉ុន្តែសំណង់ត្រូវជាប់ពន្ធ។
អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់សហគមន៍ ឬបុគ្គលណាមួយ ដែលត្រូវបានរៀបចំឡើង និងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា និងសប្បុរសធម៌ ហើយគ្មានចំណែកណាមួយនៃអចលនទ្រព្យ ឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាប្រយោជន៍ឯកជន។
អចលនទ្រព្យជាកម្មសិទ្ធិរបស់បេសកកម្មការទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហ-ប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល។
អចលនទ្រព្យដែលជាហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធផលិតទឹកស្អាតឬផលិតអគ្គិសនី ព្រលានយន្តហោះ កំ់ពង់ផែ ស្ថានីយអយស្ម័យយាន រួមបញ្ចូលទាំងអគារ និងការិយាល័យ ដែលបម្រើផ្ទាល់ដល់សកម្មភាពនៃហេដ្ឋា-រចនាសម្ព័ន្ធទាំងនេះ។
ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសាងសង់លើដីធ្លីកសិកម្ម ហើយបម្រើផ្ទាល់និងជាអចិន្រៃ្តយ៍ដល់សកម្មភាពកសិកម្ម។
អចលនទ្រព្យទទួលរងនូវការខូចខាតធ្ងន់ធ្ងរ ដោយករណីប្រធានសក្តិ ដូចជា គ្រោះធម្មជាតិ សង្រ្គាម កុប្បកម្ម អគ្គិភ័យ ឬគ្រោះមហន្តរាយជាយថាហេតុ។
ផ្ទះ អគារ និងសំណង់ ដែលកំពុងត្រូវបានសាងសង់តិចជាង ៨០% និងមិនទាន់បានប្រើប្រាស់។ ប៉ុន្តែដីត្រូវជាប់ពន្ធលើអចលនទ្រព្យ។
អចលនទ្រព្យក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពផលិតកម្ម។

ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ

More News

Jun 6, 2023

ពន្ធសំខាន់ៗក្នុងវិស័យអចលនទ្រព្យ

May 29, 2023

គួរទិញដីឬទិញផ្ទះ បើអ្នកជាអ្នកមានចំណូលមធ្យម?

May 29, 2023

អ្វី ជា ការ ចុះ បន្ទុកការី លើ ប័ណ្ណ កម្ម សិទ្ធិ?